ប៊ុត សីហា ត្រូវនគរបាលចាប់ខ្លួនសង្ស័យពាក់ព័ន្ធគ្រឿងញៀន
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនបានធ្វើការចាប់ខ្លួនម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ ប៊ុត សីហា នៅវេលាម៉ោងប្រមាណ៥និង៤០នាទីល្ងាច ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខវិទ្យាល័យពងទឹក ស្ថិតនៅក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា លោក ប៊ុត សីហា គឺជាម្ចាស់ជ័យលាភី The Voice Cambodia រដូវកាលទី១ របស់ស្ថានីយទូរទស្សន៍រស្មីហង្សមាស កាលពីអំឡុងចុងឆ្នាំ២០១៤កន្លងទៅ ហើយត្រូវបានកម្លាំនគរបាលខាងលើតាមដាន និងស្រាវជ្រាវជាច្រើនថ្ងៃកន្លងមកហើយ។
ដោយមានការសង្ស័យថាបានធ្វើសកម្មភាពជួញដូរគ្រឿងញៀន ហើយរហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈនេះ ទើបឈានដល់ការចាប់ខ្លួនលោកតែម្ដង។ ប្រភពដដែលបានបន្តទៀតថា ការចាប់ខ្លួននោះបានធ្វើឡើងនៅក្នុងខណៈដែលតារាចម្រៀងល្បីមួយរូបនេះកំពុងធ្វើដំណើរតាមរថយន្ត១គ្រឿង ហើយមិនទាន់ដឹងថា តើកម្លាំងនគរបាលខាងលើដកហូតបានគ្រឿងញៀនប៉ុន្មាននៅឡើយទ។ បន្ទាប់មកនគរបាលបាននាំយកទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀនដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

0 comments: